ក្រុមហ៊ុន Sony ទើបតែបានប្រកាសចេញនូវកាមេរ៉ាស៊េរីថ្មីរបស់ខ្លួនមួយម៉ូឌែល ដែលមានឈ្មោះជាផ្លូវការថា α7R III ស្ថិតនៅក្នុងម៉ូឌែល Mirrorless កាមេរ៉ា ដែលមានរូបរាងតូច ប៉ុន្តែមានសមត្ថភាពខ្លាំងមិនធម្មតា ទាំងការចាប់យកក្នុងទំហំ Resolution ធំច្បាស់ ទាំងល្បឿននៃការថត និង Focus វត្ថុមានចលនា។
បើនិយាយអំពីរូបរាងខាងក្រៅរបស់ α7R III វាមានរចនាបថស្រដៀងទៅនឹង កាមេរ៉ារបស់ Sony ស៊េរីដទៃទៀតដែរ ដោយត្រូវបានស្រោបខ្លួនដោយជ័រស្វិត មានរូបរាងតូចងាយស្រួលកាន់ក្នុងដៃ និងមានទំងន់ ស្រាលត្រឹម 659 ក្រាមប៉ុណ្ណោះ។ ចំណែកប៊ូតុងចុចសំខាន់ៗសម្រាប់កំណត់ ត្រូវបានបំពាក់នៅផ្នែកខាងលើ និងខាងក្រោយទាំងអស់ ហើយវាមានទំហំថ្មធំ និងរន្ធដាក់ SD Card ចំនួន 2 ឯណោះ។ ងាកមកខាងក្រោយវិញ វាមានអេក្រង់ LCD អាចប៉ះបញ្ជាបានទំហំ 2.95 អ៊ីង ជាប្រភេទ 3.0-type អាចបង្ហាញបានច្បាស់ដោយមានគ្រាប់ Dot ដល់ទៅ 1.44 លានគ្រាប់។ ហើយនៅពីលើអេក្រង់បន្តិចក៏មានមុខងារ View Finder ជាប្រភេទបន្ទះ OLED ដែលបង្ហាញរូបភាពក្នុងកម្រិត 1280 x 720 ភិចស៊ែល ផងដែរ។

Sony α7R III មានសមត្ថភាពចាប់យករូបភាពក្នុងទំហំ 42.4 មេហ្គាភិចស៊ែល ប្រើប្រាស់ស៊េនស័រ Exmor R CMOS ប្រភេទ Full-frame មានទំហំ 35 មីលីម៉ែត្រ ដែលមានសមត្ថភាពអាចចាប់យករូបប៉ុស្តិ៍ បានធំច្បាស់ល្អ និងកាត់បន្ថយគ្រាប់ Noise ឱ្យមកតិចបំផុត។ ហើយល្បឿននៃការថត វាអាចថតបានដល់ទៅ 10 សន្លឹកឯណោះ ក្នុងមួយវិនាទី ហើយក៏អាចចាប់ Focus យកវត្ថុដែលកំពុងធ្វើចលនាបានយ៉ាងច្បាស់ល្អ ដោយបច្ចេកវិទ្យា AF/AE tracking ដែល Sony បានអះអាងថាវា Focus បានរហ័សជាង និងច្បាស់ជាង α7R II ដល់ទៅជិត 2 ដង។ ហើយ Sony ក៏បានបន្ថែមមុខងារថ្មីមួយទៀតទៅលើកាមេរ៉ានេះគឺ Eye Auto Focus សម្រាប់ចាប់ Focus Tracking ទៅលើភ្នែករបស់មនុស្សដោយស្វ័យប្រវត្តិ។

ចំពោះរូបសន្លឹក វាអាចថតបានទាំង File JPEG និង File Raw ហើយសម្រាប់ File Raw វាមានសមត្ថភាពថតដល់ 14-bit ដែលវាបើកដៃឱ្យអ្នកកែច្នៃវាបានច្បាស់ល្អ ជាងការថត File Raw 12-bit ឆ្ងាយ។ រីឯការថតវីឌីអូវិញ វាថតបាននៅក្នុងទំហំ UHD 4K (3840 x 2160 ភិចស៊ែល) ប៉ុន្តែវាប្រើប្រាស់ Crop Mode ដើម្បីថតវីឌីអូក្នុងទំហំ 5K (5176 x 2924 ភិចស៊ែល) ទុកជាមុនសិន ទើបផលិតចេញជាវីឌីអូ 4K មកវិញ។ ហើយវាក៏មានមុខងារទប់រំញ័រដល់ 5-axis ដែលមានរំនឹងកាន់តែស្មើល្អក្នុងការថតវីឌីអូ និងការថតរូបសន្លឹក មិនឱ្យព្រាល។
ទស្សនារូបភាពគំរូដែលថតចេញពី Sony α7R III ៖





លក្ខណៈសម្បត្តិទូទៅរបស់ Sony α7R III ៖
ប្រើប្រាស់សេនស័រ Full-Frame Exmor R CMOS ទំហំ 35 មីលីម៉ែត្រ
ថតរូបមួយប៉ុសក្នុងទំហំ 42.4 មេហ្គាភិចសែល
ប្រើប្រាស់កែវលេន Sony E-mount
ថតរូបជាប្រភេទ File បែប JPEG និង RAW ក្នុងល្បឿន 10 fps
កម្រិតពន្លឺ ISO ធម្មតាចាប់ពី 100 – 32000 ឬអាចពង្រីកទៅដល់ IOS 50-102400
អាចថតរូបភាពក្នុងកម្រិត UHD 4K និងក្នុងកម្រិត 1080p បានដល់ល្បឿន 120fps
អាចចាប់ Focus រូបភាពនិងវីឌីអូដល់ 399-425 ចំណុច
មានមុខងារទប់រំញ័រ 5-axis
មានអេក្រង់បញ្ជាអាចបត់បាន ទំហំ 2.95 អ៊ីង
រន្ធតំណភ្ជាប់ USB 3.1 ជាប្រភេទ USB Tye C និង Sync Terminal
អាចផ្ទេរទិន្នន័យចេញទៅឧបករណ៍ផ្សេងដោយប្រើប្រាស់ Wi-Fi
ថ្មកាន់បានយូរ អាចថតរូបបានពី 530-650 ប៉ុស្តិ៍
ក្រុមហ៊ុន Sony នឹងចាប់ផ្តើមដាក់លក់កាមេរ៉ា Sony α7R III នេះជាផ្លូវការនៅដើមខែ វិច្ឆិកា ខាងមុខនេះហើយជាមួយនឹងតម្លៃ 3,200 ដុល្លារ។
ប្រភព: Sony
Comments
Post a Comment